សិល្បៈ ៖ តារាសម្ដែង និងពិធីករលោក ម៉ា ដូណា បានធ្វើពិធីខួបកំណើតច្រើនលើកមកហើយ ឆ្នាំនេះលោកក៏បានប្រកាសត្រៀមធ្វើពិធីដដ...
សិល្បៈ ៖ តារាសម្ដែង និងពិធីករលោក ម៉ា ដូណា បានធ្វើពិធីខួបកំណើតច្រើនលើកមកហើយ ឆ្នាំនេះលោកក៏បានប្រកាសត្រៀមធ្វើពិធីដដែលនេះគម្រប់អាយុ២៦ឆ្នាំ ដោយបានហៅភ្ញៀវចំនួន៤០០នាក់ ហើយលោកក៏បានអំពាវនាវឲ្យភ្ញៀវដែលបានចូលរួមស្លៀកពាក់ពណ៌ខ្មៅ ព្រោះពិធីខួបកំណើតនេះជាពិធីលើកចុងក្រោយសម្រាប់រូបលោក គឺលោកលែងធ្វើបន្តទៀតហើយ។
ក្នុងធៀបអញ្ជើញភ្ញៀវកិត្តិយសលោក ម៉ា ដូណា បានបញ្ជាក់ថា ពិធីខួបកំណើតរបស់លោកត្រូវធ្វើឡើងនៅថ្ងៃទី២៦ ខែមិថុនា ជួបជុំភ្ញៀវវេលាម៉ោង៦:០០ នៅភោជនីយដ្ឋាន ហេបភី កោះពេជ្រ។តារាស្ទើរភេទរូបនេះបន្តថា ការប្រារព្ធធ្វើពិធីនេះគឺលោកធ្វើជាលើកចុងក្រោយ គឺលោកឈប់ធ្វើខួបត្រឹមអាយុ២៦ឆ្នាំតែម្ដង ដូច្នេះហើយទើបលោកហៅភ្ញៀវច្រើន និងសុំឲ្យអ្នកមកចូលរួមស្លៀកពាក់ខ្មៅ។
ការប្រកាសធ្វើខួបជាលើកចុងក្រោយ និងស្លៀកពាក់ពណ៌ខ្មៅនេះ លោក ម៉ា ដូណា ប្រាប់ថា មិនមែនជាសញ្ញាមិនល្អអីទេ គឺមកពីលោកយល់ថា ការស្លៀកពាក់ខ្មៅគឺស្អាតឆ្លុះសាច់ លាក់រាង នេះគឺជាអ្វីដែលលោកចង់បាន និងឃើញទិដ្ឋភាពខួបកំណើតចុងក្រោយរបស់ខ្លួន។ ជាមួយគ្នានេះដែរលោក ម៉ា ដូណា មិនបានប្រាប់ពីខ្ទង់ចំណាយទេ ដោយលោកគ្រាន់តែប្រាប់ថា ការចំណាយមិនទាន់អាចកំណត់បាននៅឡើយ លុះត្រាតែចប់កម្មវិធីទើបដឹងច្បាស់៕ ផ្តល់សិទ្ធិដោយ៖ Kqube.net
COMMENTS