រាជធានីភ្នំពេញ៖ កម្មវិធីអប់រំនិងការចែកសម្ភារៈសិក្សាដល់កុមារជនបទ គឺជាសកម្មភាពមនុស្សធម៌របស់ក្រុមនិស្សិត និងសមណនិស្សិត...
រាជធានីភ្នំពេញ៖ កម្មវិធីអប់រំនិងការចែកសម្ភារៈសិក្សាដល់កុមារជនបទ គឺជាសកម្មភាពមនុស្សធម៌របស់ក្រុមនិស្សិត និងសមណនិស្សិត ដែលកំពុងសិក្សានៅក្នុងរាជធានីភ្នំពេញ ដោយមានការចូលរួមឧបត្ថម្ភគាំទ្រពីសំណាក់សប្បុរសជននានាផង ក្នុងទិសដៅ៖
អប់រំកុមារឲ្យមានក្រមសីលធម៌ក្នុងការរស់ក្នុងសង្គមជាតិ
ជំរុញនិងលើកទឹកចិត្តដល់កុមារឲ្យស្រលាញ់ការសិក្សា
ចែកសម្ភារៈសិក្សាដល់សិស្សានុសិស្ស
រួមចំណែកក្នុងការជួយលើកស្ទួយវិស័យអប់រំ
បង្រៀនអ្នកជំនាន់ក្រោយឲ្យស្រលាញ់ការងារសង្គម។
កម្មវិធីអប់រំនិងការចែកសម្ភារៈសិក្សាដល់កុមារជនបទនេះ ដឹកនាំដោយព្រះតេជគុណ ផៃ សុវង្ស គង់នៅវត្តបទុមវតី កុដិលេខ១៩ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ និងមានសមាជិកក្នុងក្រុមចំនួន៣០នាក់បន្ថែមទៀត តាមរយៈការបង្កើតក្រុមឈ្មោះថា «ក្រុមខេមរាសាមគ្គី» ដែលចេញពីទឹកចិត្តរបស់យុវជនស្រលាញ់នូវការងារសង្គមដូចគ្នា។
ក្រុមខេមរាសាមគ្គី កន្លងមកមានចលនាមនុស្សធម៌ទៅកាន់ខេត្តមួយចំនួនដូចជា ខេត្តស្វាយរៀង តាមរយៈប្រធានបទ៖ "កម្មវិធីរំលឹកគុណគ្រូ និងចែកសម្ភារៈសិក្សាសិស្ស" នៅសាលាបឋមសិក្សាពីរធ្នូ និងសាលាបឋមសិក្សាសាមគ្គី ឃុំបាក់រនាស់ សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ដែលមាន ចំនួនសិស្សសរុប៧០០នាក់ និងលោកគ្រូ អ្នកគ្រូ ៥១នាក់ កាលថ្ងៃអាទិត្យ ទី១៩ ខែមីនា ឆ្នាំ២០១៧។
កម្មវិធីអប់រំ លើកទឹកចិត្តកុមារជនបទឲ្យស្រលាញ់ការសិក្សា នៅវត្តផុងភក្តី ឃុំភក្តី ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ ដោយមានចំនួនសិស្សសរុប ៤៥០នាក់ និងលោកគ្រូ អ្នកគ្រូ ៨នាក់។ ថ្ងៃ អាទិត្យ ទី ៩ ខែ តុលា ឆ្នាំ ២០១៦។ និងកម្មវិធីអប់រំ ដាំកូនឈើ និង ចែកសម្ភារៈសិក្សាសិស្ស នៅសាលាបឋមសិក្សាកំពង់បាស្រូវ និងអនុវិទ្យាល័យព្រះពៃស្រពណ៍ ភូមិកំពង់បាស្រូវ ឃុំជលសា ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង។ សិស្សសរុប១០០០នាក់ និង លោកគ្រូអ្នកគ្រូ១៥នាក់។ ថ្ងៃអាទិត្យ ទី២៦ ខែមិថុនា ឆ្នាំ ២០១៦ ។
កម្មវិធីអប់រំ ចែករំលែកក្តីស្រលាញ់ដល់កុមារជនបទ នៅសាលាបឋមសិក្សាព្រែកទ្រព្យ និងអនុវិទ្យាល័យព្រះពៃស្រពណ៍ ភូមិព្រែកទ្រព្យ ឃុំជលសា ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង។ ចំនួនសិស្សសរុប ៤៣០នាក់ និងលោកគ្រូអ្នកគ្រូ ៨នាក់។ ថ្ងៃ អាទិត្យ ទី ២៧ ខែ វិច្ឆិកា ឆ្នាំ ២០១៦។ និងនៅលើកចុងក្រោយ កម្មវិធីអប់រំស្តីពី អនាម័យសុខភាព និងសីលធម៌ នៅសាលាសហគមន៍ ភូមិចាំស្រី ឃុំកំពង់សិលា ស្រុកកំពង់សិលា ខេត្តព្រះសីហនុ ដោយមានចំនួនសិស្សសរុប ១៣៥នាក់ លោកគ្រូអ្នកគ្រូ ៩នាក់។ ថ្ងៃ អាទិត្យ ទី១៥ ខែមករា ឆ្នាំ២០១៦។
សម្រាប់ដើមខែខាងមុខនេះក្រុមខេមរាសាមគ្គី ដឹកនាំដោយព្រះតេជគុណ ផៃ សាវង្ស នឹងមានគម្រោងដឹកនាំសមាជិកក្រុម និងសប្បុរសជនដទៃទៀត ធ្វើកម្មវិធី អប់រំ និងចែកសម្ភារៈសិក្សាកុមារជនបទ នៅថ្ងៃអាទិត្យ ទី៩ ខែកក្កដា ឆ្នាំ២០១៧ ដោយប្រារព្ធកម្មវិធីអប់រំមួយកន្លែង ស្ថិតនៅសាលាបឋមសិក្សាត្រពាំងកក់ក្នុង និងសាលាបឋមសិក្សាសាមគ្គី ឃុំកូនសត្វ ស្រុកទឹកឈូ ខេត្តកំពត ដោយមានចំនួនសិស្សសរុប ២១៥ នាក់ និងលោកគ្រូ ៨នាក់នៅទីនោះ។
ដូច្នេះបើសប្បុរសជន ឬសិស្សនិស្សិតដទៃទៀតមានចំណាប់អារម្មណ៍ចង់ចូលរួមក្នុងកម្មវិធីសប្បុរសធម៌នោះ សូមចូលចុះឈ្មោះតាមតំណភ្ជាប់ខាងក្រោមនេះ៖ ចុចទីនេះ ឬ Copy Link: https://goo.gl/forms/E3KhfjP9dk8K3oS42 ផ្តល់សិទ្ធិដោយ៖ Kqube.net
COMMENTS