រាជធានីភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានពន្យារពេលប្រកាសលទ្ធផលបណ្ដោះអាសន្ននៃការបោះឆ្នោតក្រុមប្រឹក្សាឃុំ-...
រាជធានីភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានពន្យារពេលប្រកាសលទ្ធផលបណ្ដោះអាសន្ននៃការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ ដោយរំលងប្រតិទិនការរៀបចំបោះឆ្នោតឆ្នាំ២០១៧នេះ។ នេះបើតាមឯកឧត្ដម ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប បានប្រាប់នៅថ្ងៃទី៧ ខែមិថុនានេះ។
ឯកឧត្ដមបញ្ជាក់ថា ការពន្យារពេលប្រកាសលទ្ធផលបណ្តោះអាសន្ននៃការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤នេះ ដោយសារតែមានភាពរអាក់រអួលនៃការទទួលទិន្នន័យលទ្ធផលបូកសរុបបោះឆ្នោតពីគណៈកម្មការឃុំ-សង្កាត់រៀបចំការបោះឆ្នោតទូទាំងប្រទេស។
ភាពយឺតយ៉ាវបញ្ជូនមក គជប នេះ គឺមកពីប្រព័ន្ធ Internet មានភាពរអាក់រអួល និងយឺតយ៉ាវ។ រូបថតនៃកំណត់ហេតុនៃការរាប់សន្លឹកឆ្នោតតាមទម្រង់១១០២ ដែលផ្ញើមកពីគណៈកម្មការឃុំ-សង្កាត់រៀបចំការបោះឆ្នោត មានភាពមិនច្បាស់លាស់ និងកំណត់ហេតុនៃការរាប់សន្លឹកឆ្នោត ក្នុងទម្រង់១១០២ នៅការិយាល័យរាប់សន្លឹកឆ្នោត មិនបានបំពេញពេញលេញ ឬត្រឹមត្រូវ ដែលត្រូវបញ្ជូនត្រឡប់ទៅគណៈកម្មការឃុំ-សង្កាត់រៀបចំការបោះឆ្នោតឲ្យធ្វើវិញ។
ឯកឧត្ដមឲ្យដឹងទៀតថា នៅសល់លទ្ធផលបោះឆ្នោត ៣៥៤ ឃុំ-សង្កាត់ទៀត ដែលមិនទាន់បានបញ្ជូនមកកាន់ គ.ជ.ប ខណៈលទ្ធផលចំនួន ១.២៩២ ឃុំ-សង្កាត់ បានមកដល់ដៃ គ.ជ.ប និងបាននឹងកំពុងផ្សព្វផ្សាយនូវលទ្ធផលបឋមរួចរាល់។ ចំពោះការប្រកាសលទ្ធផលបណ្ដោះអាសន្នធ្វើទៅបាន គឺទាល់តែបញ្ចប់ការប្រកាសលទ្ធផលបឋមពីគ្រប់ឃុំ-សង្កាត់រួចរាល់ជាស្ថាពរ។
យ៉ាងណាមិញ ឯកឧត្ដម បានបញ្ជាក់ថា ការប្រកាសលទ្ធផលផ្លូវការ ត្រូវតែអនុវត្តតាមប្រតិទិនរបស់គ.ជ.ប នៅថ្ងៃទី២៥ ខែមិថុនា ជាដាច់ខាត បន្ទាប់ពី គ.ជ.ប បញ្ចប់ការដោះស្រាយរាល់ពាក្យបណ្ដឹងទាំងអស់របស់គណបក្សនយោបាយនៅថ្ងៃទី ២៤ ខែមិថុនា។
សូមបញ្ជាក់ថា បច្ចុប្បន្ន គ.ជ.ប មានបណ្ដឹងចំនួន ៧១បណ្ដឹង ក្នុងនោះ ២៨បណ្ដឹង ប្ដឹងសុំរាប់សន្លឹកឆ្នោតឡើងវិញ និង ៤៣បណ្ដឹង ប្ដឹងសុំឱ្យដាក់ពិន័យចំពោះអ្នកប្រព្រឹត្តល្មើសលើបទប្បញ្ញត្តិនៃជំពូកទី១៤ នៃច្បាប់ស្ដីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ (ច.ប.ឃ.ស)៕ ផ្តល់សិទ្ធិដោយ៖ Kqube.net
COMMENTS