បណ្តាញសង្គម៖ ភាពជាម្តាយគឺត្រូវបំពេញការងារលំបាកៗជាច្រើន ពួកគាត់ធ្វើពលិកម្មជីវិតផ្ទាល់ខ្លួនក្នុងការងារដើម្បីលើកស្ទួយគ្រួសារអោយបានប្រសើរ។...
បណ្តាញសង្គម៖ ភាពជាម្តាយគឺត្រូវបំពេញការងារលំបាកៗជាច្រើន ពួកគាត់ធ្វើពលិកម្មជីវិតផ្ទាល់ខ្លួនក្នុងការងារដើម្បីលើកស្ទួយគ្រួសារអោយបានប្រសើរ។ ប្រជាជនហ្វីលីពីនទៅធ្វើការតាមផ្ទះគេក្នុងបណ្តាប្រទេសជាច្រើនពេញពិភពលោក។ វាជាជម្រើសមួយរបស់ពួកគេដើម្បីស្រោចស្រង់គ្រួសារចេញពីភាពក្រីក្រ។ ការងារជាម៉ែដោះមើលថែក្មេង ឬជាអ្នកថែទាំផ្ទះសម្បែងអោយគេនៅតាមបណ្តាប្រទេសនានាគឺពិតជាអាចធ្វើអោយពួកគេមានលទ្ធភាពបញ្ជូនកូនអោយបានរៀនសូត្រចប់ចុងចប់ដើម។
ដូចពលករទៅធ្វើការក្រៅប្រទេសដ៏ទៃទៀតដែរ! អ្នកស្រ្តី Teresita Alcanzare ចេញចាកឆ្ងាយពីគ្រួសារទៅធ្វើការយកលុយ ដើម្បីមកទំនុកបំរុងកូនរៀនសូត្រ។ ឥលូវអ្នកស្រ្តី Teresita អាយុ៦១ឆ្នាំ គាត់ចូលនិវត្តហើយ វិលមកជួបជុំគ្រួសារវិញ បន្ទាប់ពីធ្វើការងារលំបាកអស់រយៈពេលជាង ២០ឆ្នាំមកហើយ។
គាត់មានមោទនភាពនិងរីករាយចំពោះលទ្ធផលនៃកិច្ចប្រឹងប្រែងរបស់គាត់ព្រោះកូនៗទាំងអស់សុទ្ធតែមានការងារល្អធ្វើ។ តាមរយៈការងារលំបាកជាង២០ឆ្នាំមកនេះ Teresitaអាចអោយកូនរបស់នាងរៀនជំនាញជាច្រើនដូចជា៖ គណនេយ្យករ, ឱសថការី, ឆ្មប, វិស្វករជាដើម។
ដើម្បីសម្តែងក្តីស្រឡាញ់និងដឹងគុណចំពោះអ្នកម្តាយ កូនៗសម្រេចរៃអង្គាសលុយគ្នានាំអ្នកម្តាយដើរលេងក្នុងតំបន់អាស៊ានជាច្រើនប្រទេសដូចជា៖ សាំងហ្គាពួរ, ថៃ, ឥណ្ឌូនេស៊ី, វៀតណាម, តៃវ៉ាន់, ម៉ាឡេស៊ី, និងMacau។ Teresitaត្រូវបានHans Alcanzareជាកូនប្រុសកំដរគាត់ដើរលេងគ្រប់កន្លែង។
ក្រុមអ្នកនិយមប្រើអ៊ីនធឺណិតសម្តែងការគោរពកោតក្រែងTeresitaជាខ្លាំងដែលគាត់បានដឹកនាំកូនៗអោយមានការងារល្អធ្វើគ្រប់ៗគ្នា។ អ្នកខ្លះទៀតសរសើរកូនៗដែលផ្តល់ឱកាសអោយម្តាយបានដើរលេងជុំវិញពិភពលោកបែបនេះ ពួកគេពិតជាសំណាងណាស់ដែលមានម្តាយដូចជាគាត់។ ចំណែក Teresita ក៏មានសំណាងដែលមានកូនៗដោយគន្លងធម៌និងចេះដឹងគុណបែបនេះ៕ អត្ថបទ៖ Khmer5 News ប្រែសម្រួល៖ លី
ចុះអ្នកវិញ?? មានគម្រោងនាំអ្នកមានគុណរបស់អ្នក ដើរកម្សាន្តទៅទីណាហើយឬនៅ??
COMMENTS