ខេត្តកណ្ដាល៖ សកម្មជនមាតាធម្មជាតិចំនួនពីរនាក់ ឈ្មោះ ថុន រដ្ឋា និង ម៉េង ហេង កំពុងព្រួយបារម្ភពីសុវត្ថិភាពផ្ទាល់ខ្លួន បន្ទាប់...
ខេត្តកណ្ដាល៖ សកម្មជនមាតាធម្មជាតិចំនួនពីរនាក់ ឈ្មោះ ថុន រដ្ឋា និង ម៉េង ហេង កំពុងព្រួយបារម្ភពីសុវត្ថិភាពផ្ទាល់ខ្លួន បន្ទាប់ពីពួកគេបានចុះទៅសម្រួលពលរដ្ឋពីរឃុំ ដែលបានផ្ទះការតវ៉ា អំពីការបាក់ច្រាំងទន្លេ បណ្ដាលឲ្យផ្ទះប្រជាពលរដ្ឋជាង១០ខ្នងបានបាក់ធ្លាប់ចូលទន្លេ ដោយពួកគេលើកឡើងថា បណ្ដាលមកពីការប៊ូមខ្សាច់នៅតំបន់នោះ។
ថុន រដ្ឋា សកម្មជនម្នាក់ក្នុងចំណោមពួកគេបានប្រាប់ Kqube.net ថា មកដល់ពេលនេះការតវ៉ារបស់ប្រជាពលរដ្ឋ ស្ថិតនៅឃុំសិត្បូ និងឃុំរកាខ្ពស់ អំពីការប៊ូមខ្សាច់ ដែលបណ្ដាលឲ្យបាក់ច្រាំងទន្លេចំនួនពីរកន្លែងនោះបានបញ្ឈប់ហើយ ដោយបានការអន្តរាគមន៍ពីថ្នាក់ខេត្ត និងស្ថាប័នពាក់ព័ន្ធមួយចំនួនទៀត ប៉ុន្តែបញ្ហាដែលសំខាន់នោះ គឺពួកគេព្រួយបារម្ភពីសុវត្ថិភាពផ្ទាល់ខ្លួន ពេលត្រឡប់មកភ្នំពេញវិញ។
សូមទស្សនាវីដេអូខាងក្រោមនេះ៖
សកម្មជនរូបនេះបានប្រាប់មូលហេតុថា កាលពីថ្ងៃសុក្រកន្លងទៅនេះ ពួកគេបានឃើញប្រជាពលរដ្ឋរស់នៅឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្ដាល បានបង្ហោះតាមហ្វេសប៊ុកអំពីការបាក់ច្រាំងទន្លេ ដែលបណ្ដាលឲ្យមានការគំរាមកំហែងដល់ផ្ទះប្រជាពលរដ្ឋជាបន្តបន្ទាប់ទៀត ខណៈដែលការបាក់ច្រាំងនោះ មានផ្ទះប្រជាជនបានធ្លាក់ចូលទន្លេជាង១០ខ្នុងរួចហើយ ទើបពួកគេចុះទៅទីនោះស្វែងយល់មូលហេតុបន្ថែម។
ថុន រដ្ឋា បន្តថា ក្រោយពួកគេទៅឃើញជាក់ស្ដែង គឺនៅទីនោះពិតជាមានការបាក់ច្រាំងទន្លេ និងមានផ្ទះពលរដ្ឋនៅទីនោះធ្លាក់ចូលទន្លេពិតមែន ហើយក៏មានប្រជាពលរដ្ឋជាច្រើនគ្រួសារទៀត ដែលទទួលរងនូវការគំរាមកំហែងពីច្រាំងទន្លេ ដែលចេះតែបាក់ខិតជិតដល់លំនៅឋានរបស់ខ្លួន ធ្វើឲ្យមានការព្រួយបារម្ភ នឹងបាននាំគ្នាមកតវ៉ា សូមឲ្យបញ្ឈប់ការបូមខ្សាច់ជាបន្តទៀត ក្នុងនោះពួកគេ (សកម្មជនមាតាធម្មជាតិ) បានធ្វើជាអ្នកសម្របសម្រួលក្នុងការតវ៉ានោះ ក្នុងគោលបំណងកុំឲ្យមានអំពើហិង្សាប៉ុណ្ណោះ។
លោកបន្តថា បន្តែនៅយប់ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៧ម្សិលមិញនេះ ស្រាប់តែមានមេប៉ុស្តិ និងកងសមត្ថកិច្ចជាច្រើននាក់បានមកព័ន្ធនៅគេហដ្ឋានពលរដ្ឋ ដែលពួកគេកំពុងស្នាក់នៅនោះទាំងយប់ ដោយយកហេតុផលថា សុំអត្តសញ្ញាណប័ណ្ណពួកគេ ដើម្បីរក្សានូវសុខសុវត្ថិភាពក្នុងមូលដ្ឋានខាងលើនេះ។
តាមការបញ្ជាក់ពីសកម្មជនរូបនេះដដែលថា រយៈពេលពីរថ្ងៃមកនេះ ពួកគេ(សមត្ថកិច្ច)នៅតែបន្តចង់បានអត្តសញ្ញាណ នៃសកម្មជនទាំងពីររូបដដែល រហូតនៅព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៧នេះ មានពាក្យចចាមអារ៉ាមថា ពួកគេអាចនឹងត្រូវបានចាប់ខ្លួនតាមផ្លូវ បើសិនជាចាកចេញពីផ្ទះប្រជាពលរដ្ឋ ស្ថិតក្នុងអាសយដ្ឋានខាងលើនោះ៕ ផ្តល់សិទ្ធិដោយ៖ Kqube.net
COMMENTS