សិល្បៈ ៖ ព្រឹទ្ធាចារ្យ ចាប៉ីដងវែង លោកតា សួន សាន បានទទួលមរណភាពនៅវេលាម៉ោង ១២: ៣៦ នាទីយប់ឈានចូលថ្ងៃទី១២មិថុនា ម្សិលមិញ...
សិល្បៈ ៖ ព្រឹទ្ធាចារ្យ ចាប៉ីដងវែង លោកតា សួន សាន បានទទួលមរណភាពនៅវេលាម៉ោង ១២: ៣៦ នាទីយប់ឈានចូលថ្ងៃទី១២មិថុនា ម្សិលមិញនៅមន្ទីរពេទ្យខ្មែរសូវៀត បន្ទាប់ពីលោកធ្លាក់ខ្លួនឈឺរយៈពេលជាងពីរឆ្នាំ ហើយពេលនេះគ្រួសារលោកតាទីទាល់ក្រគ្មានថវិកាសូម្បីតែទិញមឈូស គ្រឿងប្រឡុង និងធ្វើបុណ្យ ហើយអ្នកសិល្បៈក៏មិនសូវមានវត្តមានចូលរួមថែមទៀត។ ភាពកណ្ដោចកណ្ដែងនេះ គឺខុសឆ្ងាយពីសពលោក អុិត សេដ្ឋា ដែលមានការជួយជ្រោមជ្រែងពីប្រមុខរដ្ឋាភិបាល ឧកញ៉ាៗ អ្នកសិល្បៈ ទាំងការធ្វើបុណ្យ និងកូនៗផងដែរ។ ដោយឡែកវាសនាព្រឹទ្ធាចារ្យវីរសិល្បៈចាប៉ីដងវែង ដ៏កម្ររបស់ខ្មែរ ហេតុអ្វីជីវិតលោកកាលនៅរស់ជួបតែភាពទីទាល់ ពេលស្លាប់ទៅហើយអាណោចអាធ័មយ៉ាងនេះទៅវិញ ?
តាមការផ្ដល់ព័ត៌មានពីអ្នកស្រី យ៉ា កង្រី កូនស្រីសពលោកតា សួន សាន បានប្រាប់លោក តាន់ ចន្ថា អ្នកផលិតព័ត៌មានវេសាយ Kqube.net នៅវត្តស្ទឹងមានជ័យទីតម្កល់សព កាលពីល្ងាចមិញនេះថា សពលោកតា សួន សាន នឹងត្រូវចាប់ផ្ដើមធ្វើបុណ្យនៅព្រឹកថ្ងៃ១៣នេះ រហូតដល់ថ្ងៃទី១៥ ទើបបូជា ប៉ុន្តែពិធីបុណ្យនេះមិនដឹងធ្វើបានកម្រិតណាទេ បើសូម្បីតែ មឈូស គ្រឿងប្រឡុង និងថវិកាគ្រួសារគ្មានមួយរៀលជាប់ខ្លួន។ អ្នកស្រីបន្តថា ជីវិតឪពុកអ្នកស្រីគឺជួបការលំបាកតាំងពីគាត់នៅរស់ ព្រោះគ្រួសារមានជីវភាពក្រីក្រ ដូច្នេះហើយ ពេលគាត់ធ្លាក់ខ្លួនឈឺដែលត្រូវចំណាយលើការព្យាបាលជាប្រចាំទើបធ្វើឲ្យជីវភាពគ្រួសារកាន់តែដុនដាបគ្មានប្រាក់ជាប់ខ្លួនឡើយ ហេតុនេះហើយទើបពេលគាត់ស្លាប់ទៅគ្មានទាំងលុយទិញ មឈូស គ្រឿងប្រឡុង និងធ្វើបុណ្យសពគាត់ថែមទៀត។
អ្នកស្រី យ៉ា កង្រី ដែលទើបសម្រាលកូនផងនោះបានបន្តថា "គ្រួសារខ្ញុំគ្មានអ្វីទីពឹងសម្រាប់រកថវិកាធ្វើបុណ្យជូនឪពុកទេ ដូច្នេះហើយមានតែសប្បុរសជនទេ ដែលអាចជួយ និងជូនដំណើរចុងក្រោយដល់ឪពុកខ្ញុំ ដែលគាត់ខិតខំអស់ពេលមួយជីវិតដើម្បីសិល្បៈ ចាប៉ីដងវែង "៕ ផ្តល់សិទ្ធិដោយ៖ Kqube.net
COMMENTS