បរទេស៖ ស្រ្តីជាច្រើនរងគ្រោះពីការបំពានផ្លូវភេទជារៀងរាល់ថ្ងៃតាមទីសាធារណៈ កន្លែងធ្វើការ និងនៅតាមផ្ទះ។ ពិតជាអយុត្តិធម៌! ជារឿយៗអំពើថោកទាបទាំងន...
បរទេស៖ ស្រ្តីជាច្រើនរងគ្រោះពីការបំពានផ្លូវភេទជារៀងរាល់ថ្ងៃតាមទីសាធារណៈ កន្លែងធ្វើការ និងនៅតាមផ្ទះ។ ពិតជាអយុត្តិធម៌! ជារឿយៗអំពើថោកទាបទាំងនោះមិនត្រូវបានស្ត្រីនិយាយចេញមកឡើយ។ វាបានធ្វើអោយនារីៗជាច្រើនតែងបារម្ភភ័យខ្លាចជានិច្ចពេលទៅណាមកណាម្នាក់ឯង។ ដោយសារភាពខ្មាសអៀន! រឿងទាំងនេះត្រូវបានលាក់បាំងមិនហ៊ាននិយាយប្រាប់គេឯង ទើបបានជាសកម្មភាពរំលោភផ្លូវភេទកើនឡើង។ វាហាក់ដូចជាមិនទំនងដែលអ្នកខ្លះបែរជាបន្ទោសជនរងគ្រោះទៅវិញថាបានស្លៀកពាក់ខើចខ្លីត្បិតត្បៀតដើម្បីទាក់ទាញការចាប់អារម្មណ៍ និងបង្កអារម្មណ៍រំជួលផ្លូវភេទដល់អ្នកដ៏ទៃ។ ពួកគេលើកឡើងថានារីៗគួរតែស្លៀកពាក់អោយបានសមរម្យដើម្បីកាត់បន្ថយការរំលោភបំពានផ្លូវភេទ។ ប៉ុន្តែយើងគួរដឹងថាបទឧក្រិដ្ឋអាចកើតឡើងគ្រប់ពេល គ្រប់កន្លែងមិនថានារីៗស្លៀកពាក់បិទបាំងល្អប៉ុណ្ណានោះទេ។
អ្នកនាង Rakkie Jucutan ជាឧទាហរណ៍មួយនៃនារីដែលស្លៀកពាក់បិទបាំងសមរម្យ ប៉ុន្តែនៅតែមានមនុស្សប៉ុនប៉ងបំពានផ្លូវភេទលើនាង។ Rakkieស្លៀកពាក់សាមញ្ញបំផុតគឺ ស្លៀកខោជើងវែង ពាក់អាវសាច់ក្រណាត់ ពាក់ស្បែកជើងកីឡា។ នាងមិនបានស្លៀកពាក់ខ្លីស៊ិចស៊ីនោះទេ ហេតុនេះទើបនាងមិនដែលគិតថាមានបញ្ហាកេងប្រវ័ញ្ចកើតឡើង។ បុរសម្នាក់អង្គុយនៅពីមុខនាងព្យាយាមសំឡឹងនាងមិនដាក់ភ្នែកតាំងពីពេលចាប់ផ្តើមរហូតដល់ពេលចុះពីឡានក្រុង ហើយវាបានធ្វើអោយនាងភ័យខ្លាចជាខ្លាំង។ នាងមានអារម្មណ៍មិនស្រួលសោះពេលបុរសម្នាក់នោះមើលមកនាងតាមប្រឡោះកៅអីទាំងពីរ។ អ្វីដែលកាន់តែខ្លាចជាងនេះគឺបុរសម្នាក់នោះជាអ្នកប្រមូលសំបុត្រឡានក្រុង។
អ្នកនាង Rakkie ចង់ប្រាប់សាធារណៈជនទូទៅអោយដឹងថា៖ " មិនថានារីៗស្លៀកពាកបិទបាំងសមរម្យប៉ុណ្ណាដ៏នៅតែមានមនុស្សចង់កេងប្រវ័ញ្ចផ្លូវភេទដែរ"៕ អត្ថបទ៖ Khmer5 News ប្រែសម្រួល៖ លី
COMMENTS