រាជធានីភ្នំពេញ៖ ក្លោងទ្វារចូលទីរួមខេត្តសំខាន់ៗចំនួនពីរ ត្រូវបានស្ថាបនាឡើងជាប្លង់គំរូដ៏គួរចាប់អារម្មណ៍ បានលេចជារ...
រាជធានីភ្នំពេញ៖ ក្លោងទ្វារចូលទីរួមខេត្តសំខាន់ៗចំនួនពីរ ត្រូវបានស្ថាបនាឡើងជាប្លង់គំរូដ៏គួរចាប់អារម្មណ៍ បានលេចជារូបរាង បង្អួតអ្នកទស្សនានៅក្នុងពិព័រណ៍ស្ថាបត្យកម្មចំនួនបីថ្ងៃ នៅសាលអាគារពិព័រណ៍កោះពេជ្រ ដែលចាប់ផ្ដើមពីថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៧ម្សិលមិញនេះមក។
ក្លោងទ្វារគំរូចូលទីរួមខេត្តចំនួនពីរនោះ គឺត្រូវបានស្ថាបនាឡើងដោយក្រុមនិស្សិតមកពីសាកលវិទ្យាល័យល្បីៗចំនួនពីរ ស្ថិតក្នុងគម្រោងសិក្សា និងដើម្បីប្រកួតប្រជែងពានរង្វាន់របស់សមាគម CSA ដោយបានដាក់តាំងឲ្យទស្សនាដោយសេរីនៅក្នុងពិព័រណ៍ស្ថាបត្យកម្មលើកទី២នេះផងដែរ។
លោក សេង សុវណ្ណារ័ត្ន ជានិស្សិតស្ថាបត្យកម្មមកពីសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ និងជាប្រធានក្រុមក្នុងការបង្កើតនូវគម្រោងក្លោងទ្វារគំរូចូលខេត្តកំពង់ស្ពឺបានឲ្យដឹងថា គម្រោងរបស់ក្រុមលោក គឺមានឈ្មោះថា «៣=១» ដោយមានអត្ថន័យបង្ហាញនៅសាមគ្គីភាព ក្នុងនោះ៣ គឺ ជាតិ សាសនា និងព្រះមហាក្សត្រ ដែលហៅថាបាវចនាជាតិ ចំណែក១ គឺព្រះរាជាណាចក្រកម្ពុជា។
សូមទស្សនាវីដេអូខាងក្រោមនេះ៖
លោកបានបន្តថា គម្រោងរបស់លោក គឺមិនបានចម្លងពីម៉ូតអាគារចាស់ ឬសំណង់អាគារដែលមានរូបរាងរួចហើយណាមួយមកធ្វើលំនាំតាមនោះទេ អ្វីដែលក្រុមរបស់លោកបានបង្កើតឡើងនោះ គឺត្រូវបានស្ថាបនាឡើងតាមទ្រឹស្ដីបទ ប្រវត្តិសាស្ត្រខ្មែរ និងអារម្មណ៍ឆ្នៃប្រឌិត ដើម្បីបង្កើតវាចេញជារូបរាងឡើងតែម្ដង។
ស្ថាបត្យករវ័យក្មេងរូបនេះបានបន្តថា គម្រោងនោះក្រុមរបស់លោកបានសិក្សាទីកន្លែងជាក់លាក់មួយរួចហើយ គឺស្ថិតនៅលើចំណាត់ផ្លូវជាតិលេខ៤ ព្រំប្រទល់ចូលទីរួមខេត្តកំពង់ស្ពឺ។ មូលហេតុជ្រើសយកទីតាំងនោះ ទី១-ដោយសារខេត្តកំពង់ស្ពឺ គឺជាខេត្តមួយដែលមានទំនាក់ទំនងរហូត១០ខេត្ត អាចនិយាយបានថា មនុស្សអ្នកដំណើរឆ្លងកាត់ច្រើនបានឃើញគម្រោងនេះ ២-ខេត្តកំពង់ស្ពឺមានស្ថានដីខ្ពស់និងទាបនៅក្នុងខេត្តតែមួយ ដោយមានលក្ខណៈខុសពីខេត្តដទៃទៀត។
លោក សេង សុវណ្ណារ័ត្ន បានបញ្ជាក់ថា ស្ថាបត្យកម្មគំរូរបស់លោក នៅម៉ោង ៧ព្រឹក នឹងមានភ្លេងជាតិបន្លឺឡើង ដើម្បីឲ្យអ្នកដំណើរគ្រប់រូបបានឮគ្រប់ៗគ្នាផងដែរ ខណៈដែលបច្ចុប្បន្ន ភ្លេងជាតិត្រូវបានចាក់ក្នុងកម្មវិធីផ្សេងៗម្ដងម្ដាល ប៉ុន្តែសម្រាប់នៅតាមទីសាធារណៈ គឺមិនទាន់មានច្រើននៅឡើយ។ ក្នុងនោះលោកបានបង្ហាញចំណាប់អារម្មណ៍ថា បច្ចុប្បន្នវាគ្រាន់តែជាគម្រោងសិក្សាមួយប៉ុណ្ណោះ ប៉ុន្តែថ្ងៃអនាគតបើគម្រោងនេះ វាពិតជាលេចរូបរាងឡើងនៅផ្លូវចូលទីរួមខេត្តកំពង់ស្ពឺពិតមែន វាពិតជាប្រសើរខ្លាំងណាស់។
ខេត្តបាត់ដំបងក៏ត្រូវបាននិស្សិតស្ថាបត្យកម្មមួយក្រុមមកពីសាកលវិទ្យាល័យបញ្ញាសាស្ត្រទួលគោកស្ថាបនាឡើង ដើម្បីប្រកួតប្រជែងពានរង្វាន់របស់សមាគម CSA ផងដែរ ដែលទទួលបានចំណាត់ថ្នាក់លេខ៤ និងបានដាក់បង្ហាញនៅក្នុងពិព័រណ៍ស្ថាបត្យកម្មលើកទី២ នៅកោះពេជ្របីថ្ងៃនេះដូចគ្នា។
គម្រោងក្លោងទ្វារចូលទីរួមខេត្តបាត់ដំបងមានរចនាបទតាមសន្លឹកស្រូវ និងស្លឹកក្រវាញ ព្រោះខេត្តនេះមានសក្ដានុពលខ្លាំងនូវដំណាំពីមុខនោះ ជាពិសេសគឺស្រូវតែម្ដង។ ការរចនាបែបនេះ គឺជាគំនិតច្នៃប្រឌិតថ្មីមួយ ដើម្បីបំផុសគំនិតកូនខ្មែរ ឲ្យបានដឹងអំពីខេត្តដែលមានសក្ដានុពលអំពីកសិកម្មផងដែរ។
លោក ពៅ កុលបុត្រ និស្សិតស្ថាបត្យកម្មឆ្នាំទី៤ នៃសាកលវិទ្យាល័យបញ្ញាសាស្ត្របានឲ្យដឹងថា ថ្វីត្បិតគម្រោងស្ថាបត្យកម្មសំណង់ក្លោងទ្វារចូលខេត្តបាត់ដំបងរបស់ពួកលោក មានលក្ខណៈសហសម័យបន្តិចមែន តែវានឹងបង្ហាញនូវភាពរីកចម្រើនរបស់ប្រទេសកម្ពុជា ហើយគម្រោងនេះអនាគតគឺអាចធ្វើវាឲ្យមានរូបរាងជាក់ស្ដែងក្នុងខេត្តបាត់ដំបងឡើងបាន បើរដ្ឋាភិបាលហ៊ានចំណាយធ្វើ។
គួររម្លឹកថា នៅក្នុងព្រឹត្តិការណ៍ពិព័រណ៍ស្ថាបត្យកម្មលើកទី២ នៅកោះពេជ្រចំនួន៣ថ្ងៃនេះ មានក្រុមហ៊ុនស្ថិតក្នុងវិស័យស្ថាបត្យកម្ម និងសំណង់ល្បីៗជាច្រើនចូលរួម ជាពិសេសក្រុមហ៊ុនមកពីប្រទេសថៃតែម្ដង ដែលបានបង្ហាញនូវផលិតផល និងសេវាកម្មរបស់ខ្លួនក្នុងកម្មវិធីនោះ ហើយក៏មាននិស្សិតស្ថាបត្យកម្មកម្ពុជាមកពីសាលាច្រើនផងដែរ ដើម្បីដាក់បង្ហាញនូវស្នាដៃជំនាន់ថ្មីរបស់ពួកគេ ដល់អ្នកចូលរួមទស្សនាដោយសេរីទៀតផង៕ ផ្តល់សិទ្ធិដោយ៖ Kqube.net

COMMENTS