រាជធានីភ្នំពេញ៖ មន្ត្រីនគរបាលចរាចរណ៍ លឹម ចំណាន ដែលបានបាញ់គំរាម ពលរដ្ឋនៅតាមទីសាធារណៈនោះ ត្រូវបានក្រសួងមហាផ្ទៃ សម...
រាជធានីភ្នំពេញ៖ មន្ត្រីនគរបាលចរាចរណ៍ លឹម ចំណាន ដែលបានបាញ់គំរាម ពលរដ្ឋនៅតាមទីសាធារណៈនោះ ត្រូវបានក្រសួងមហាផ្ទៃ សម្រេចដាក់ពិន័យយ៉ាងចាស់ដៃ ដោយត្រូវបានបន្ថយឋានន្តរសក្ដិ ដកតួនាទីមកជាមន្ត្រីនគរបាលចរាចរណ៍ធម្មតាវិញ។
អគ្គស្នងការរងនគរបាលជាតិ គៀត ច័ន្ទថារិទ្ធ បានថ្លែងប្រាប់សារព័ត៌មានអគ្គស្នងការដ្ឋាននគរបាលជាតិនៅព្រឹកថ្ងៃទី ១៤ ខែមិថុនានេះថា តាមសំណើរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ សម្ដេចក្រឡាហោម បានសម្រេចដាក់ពិន័យ លោក លឹម ចំណាន ៣ រូបភាព ទី១ ធ្វើការព្រមានជាផ្លូវការ និងហាមដាច់ខាតមិនឲ្យមានការប្រព្រឹត្តខុសឆ្គងនេះជាថ្មីម្ដងទៀត ទី២ បន្ថយឋានន្តរសក្ដិពីវរសេនីយ៍ទោ មកវរសេនីយ៍ត្រី និងទី៣ ដកឋានៈរបស់នគរបាលរូបនេះពីនាយរងការិយាល័យចរាចរណ៍ផ្លូវគោក មកជាមន្រ្តីនគរបាលធម្មតា។
សូមទស្សនាវីដេអូខាងក្រោមនេះ៖
ឯកឧត្តមបន្តទៀតថា ការសម្រេចពិន័យនាយរងការិយាល័យនគរបាលចរាចរណ៍នេះអគ្គស្នងការនគរបាលជាតិ មិនបានទទួលពាក្យបណ្ដឹងពីជនរងគ្រោះទេ ប៉ុន្តែអគ្គស្នងការត្រូវតែអនុវត្ត ព្រោះថា លោកជាកងកម្លាំងនគរបាល ហើយទាំងថែមបានប្រព្រឹត្តខុស ទើបចាត់ចែងធ្វើការស្រាវជ្រាវដោយមិនមានពាក្យបណ្ដឹង។
សូមបញ្ជាក់ថា លោកវរសេនីយ៍ទោ លឹម ចំណាន នាយករងការិយាល័យនគរបាលចរាចរណ៍ខេត្តកណ្តាល ដែលជាកូនប្រុស ឯកឧត្តម ប៉ុល លឹម រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃនោះ កាលពីល្ងាចថ្ងៃសៅរ៍កន្លងទៅត្រូវបានគេចោទថា បានបាញ់គំរាមម្ចាស់រថយន្តមួយគ្រឿង នៅតាមបណ្ដោយផ្លូវជាតិលេខ១ ស្ថិតក្នុងខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ក្រោយពីលោកបានបើករថយន្តកាមេរីបាឡែនរបស់ខ្លួនជែងរថយន្តខាងលើហើយប៉ះគ្នា រួចមិនបានឈប់ទេថែមទាំងយកកាំភ្លើងបាញ់គំរាមមួយគ្រាប់ទៀត៕ ផ្តល់សិទ្ធិដោយ៖ Kqube.net
COMMENTS