បរទេស៖ ដោយសារកំហឹងអ្នកខ្លះភ្លេចខ្លួនបញ្ចេញកិរិយាច្រងេងច្រងាងនៅទីសាធារណៈ។ ដូចក្នុងករណីនេះស្ត្រីម្នាក់គិតថាខ្លួនធ្វើត្រូវហើយដែលមិនពាក់ស្បែក...
បរទេស៖ ដោយសារកំហឹងអ្នកខ្លះភ្លេចខ្លួនបញ្ចេញកិរិយាច្រងេងច្រងាងនៅទីសាធារណៈ។ ដូចក្នុងករណីនេះស្ត្រីម្នាក់គិតថាខ្លួនធ្វើត្រូវហើយដែលមិនពាក់ស្បែកជើង ហើយថែមទាំងដាក់ជើងទាំងពីរលើតុក្នុងហាកាហ្វេសាធារណបែបនេះ។ យោងតាមDaily Mail បានអោយដឹងថា៖ " ពេលបុរសម្នាក់ថានាងអន់ចរិក នាងក៏ស្តោះទឹកមាត់ដាក់តែម្តង "។ ហេតុការណ៍នេះកើតឡើងនៅថ្ងៃទី២៦ ខែកក្កដា កាលពីសប្តាហ៍មុនក្នុងសាខាហាងកាហ្វេStarbucksមួយកន្លែងក្នុងក្រុងSuqianខេត្តJiang Suប្រទេសចិន។
វីដេអូ៖
នៅក្នុងវីដេអូគេលឺស្រ្តីនោះស្រែកដាក់បុរសម្នាក់ទៀតជាអតិថិជនដូចគ្នាថា៖
" កុំចេះដឹងរឿងខ្ញុំ! " ។ រឿងនេះកើតឡើងនៅពេលលោកXuពរកូនចូលហាងកាហ្វេ ប៉ុន្តែដោយឃើញឬកពាមិនសមរម្យនៃនារីអតិថិជនម្នាក់ទៀតទើបគាត់ប្រាប់នាងថា៖ " អ្នកគិតតែលេងទូរស័ព្ទដៃហើយបណ្តោយអោយឆ្កែរបស់អ្នកដើរពាសវាលពាសកាលបែបនេះធើ្វអោយកូនស្រីខ្ញុំខ្លាចឆ្កែរបស់អ្នក។ "
លោកXuចង់អោយនាងមើលឆ្កែអោយបានល្អ និងកុំដាក់ជើងលើតុបែបនេះ។ ប៉ុន្តែនាងបែរជាជំទាលដាក់គាត់ថា៖ " អ្នកឯងជានរណា? អ្នកឯងជាថៅកែឬ? "
+ លោកXuតបទៅនាងវិញថា៖ " អ្នកឯងគិតថាវាសមណាស់ទៅឬ! ដែលចូលក្នុងហាងយកឆ្កែមកជាមួយហើយដាក់ជើងលើតុបែបនេះ។ "
+ " វាមិនមែនជារឿងលោកឯងទេ! ", គ្រាន់តែនិយាយចប់នាងក៏ស្ទុះទៅស្តោះទឹកមាត់ដាក់គាត់តែម្តង។
បុគ្គលិកក្នុងហាងនិយាយថា៖ គ្រាន់តែចូលមកដល់ក្នុងហាងភ្លាមពួកគេបានសុំនាងអោយចងឆ្កែរបស់នាងចំនួនពីរដងមកហើយតែនាងមិនព្រម។ បុគ្គលិកបំរើព្យាយាមសម្រួលពួកគេកុំអោយឈ្លោះគ្នាតែមិនបានសម្រេច ទើបទូរស័ព្ទហៅប៉ូលីសមកសម្រួលរឿងនេះ។ ប៉ូលីសបានអោយនាងធ្វើការសុំទោសលោកXuមុននិងអោយនាងចាកចេញពីហាងនោះ៕ អត្ថបទ៖ Khmer5 News
COMMENTS